គំរោងអភិវឌ្ឍន៍ព័ត៌មានវិទ្យា
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (អ.អ.ប.គ.ព/NiDA) ក្នុងឳកាសកិច្ចប្រជុំកំពូលថ្នាក់ជាតិ ស្តីពីការរៀបចំគោលនយោបាយ យុទ្ធសាស្រ្តវិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យានៅកម្ពុជា។
ដូចដែលខ្ញុំបានលើកឡើងជាច្រើនដងរួចមកហើយថា ការរៀបចំ និងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តវិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គឺចាំបាច់ណាស់សំរាប់ប្រទេសកម្ពុជាដើរលើមាគាររអភិវឌ្ឍដ៏រឹងមាំ។ ជាការពិតណាស់ប្រទេសទាំងអស់ នៅក្នុងតំបន់ ក៏ដូចជាប្រទេសក្នុងសកលលោក កំពុងទទួលបានផលចំណេញពីភាពជឿនលឿននៃសកលភាវូបណីយកម្មរូបវន្តដោយពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការរីកចំរើនខាងសេដ្ឋកិច្ចដែលធ្វើអោយពិភពលោកមានភាពទំនើបជឿនលឿនបែបនេះអាចជួយអោយមានភាពប្រាកដប្រជាក្នុងការអភិវឌ្ឍសង្គមសមធម៌មួយមាននិរន្តភាព។
ការរៀបចំគោលនយោបាយយុទ្ធសាស្រ្តវិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គឺមានសារៈសំខាន់សំរាប់បង្កើនប្រសិទ្ធភាព កាត់បន្ថយពេលវេលាការងារ និងតំលៃទូទៅតាមតម្រូវការប្រចាំថ្ងៃរបស់យើង ព្រមទាំងសេចក្តីត្រូវការខាងផ្នែកគ្រប់គ្រង ផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការរបស់រដ្ឋាភិបាល។ ការងារនេះក៏បានឆ្លុះបញ្ជាំងអោយឃើញនូវការសន្យារបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញបន្ថែមទិសដៅដែលបានកំណត់ក្រោមការធ្វើសមាហរន្តកម្មអាស៊ាន និងចូលរួមសកលភាវូបណីយកម្ម។