ការបែងចែកសម្ភារៈបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ការសាងសង់បណ្តាញកាបអ៊ុបទិក (បណ្តាញខាងក្រៅ) បណ្តាញតភ្ជាប់កុំព្យូទ័រ (បណ្តាញខាងក្នុង) និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលគាំទ្របច្ចេកទេស មជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញ ព្រមទាំងការតំឡើង ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនកុំព្យូទ័រមេ ម៉ាស៊ីនបោះពុម្ភ ម៉ាស៊ីនត្រជាក់ ឧបករណ៍បណ្តាញ និងឧបករណ៍ដ៏ទៃៗទៀត នៅតាមខេត្ត-ក្រុងទាំង២៤ រហូតមកដល់ពេលនេះ ក្រុមការងារបណ្តាញនៃ អ.អ.ប.គ.ព បានបញ្ចប់ស្ទីរទាំងស្រុងហើយ ជាពិសេសនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋាភិបាលចំនួន៥៦ កន្លែង ក្នុងរាជធានីភ្នំពេញត្រូវបានដាក់អោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឹណិត សារអេឡិចត្រូនិច ដែលមានល្បឿនខ្ពស់ជាបន្តទៀត ក្នុងនោះក៏មានការចុះបញ្ជីរយាន្តយន្ត ស្ថិតិប្រជាជនតាមរយៈ បណ្តាញអ៊ុបទិច ដោយជោគជ័យ ដែលបច្ចុប្បន្ននេះមានថ្នាក់ដឹកនាំជាន់ខ្ពស់និងមន្ត្រីជាច្រើនអ្នកមកពីគ្រប់ស្ថាប័នបានចុះឈ្មោះប្រើប្រាស់អ៊ីនធឹណិតជាង២០០០នាក់ហើយ។
ឆ្លងតាមការដាក់អោយប្រើប្រាស់ក្នុងរយៈពេលជាងពីរខែ នេះ អ.អ.ប.ព សង្កេតឃើញថា មានការប្រើប្រាស់ដោយរលូនមិនមានភាពរអាក់រអួលផ្នែកបច្ចេកទេសណាមួយទេនេះបញ្ជាក់អោយឃើញថាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាថ្មីរបស់រដ្ឋាភិបាលអាចចាត់ទុកថាមានគុណភាពល្អ រឹងមាំ និងជឿជាក់បានស្របតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការ អភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្រោមការដឹកនាំដ៏ឈ្លាវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ អ.អ.ប.គ.ព មានសង្ឈឹមថាហេដ្ឋារចនាសម្ព័ន្ធពត៌មានវិទ្យាថ្មីនេះនឹងអាចទទួលបានការគាំទ្រ និងប្រើប្រាស់យ៉ាងទូលំទូលាយពីបណ្តាស្ថាប័នរដ្ឋាភិបាលទាំងមូល ហើយនឹងអាចកាត់បន្ថយការចំណាយ របស់រដ្ឋាភិបាល បានយ៉ាងច្រើនទៅលើការប្រើប្រាស់អ៊ីនធឹណិត និងទូរស័ព្ទតាមរយៈការប្រើប្រាស់រួមគ្នាតាមច្រកតែមួយដែល អ.អ.ប.គ.ព បានរៀបចំរួចជាស្រេច។